Thursday, November 6, 2014

អត្ថន័យ និង​ជំនឿ​ក្នុង​ការ​ដាក់​ឈ្មោះ​ទូកង

ដោយ សុ ជីវី(RFA) 2014-11-05

ទូកង​ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ប្រណាំង​ទូក ខុស​ប្លែក​ពី​ទូក​ដែល​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ ក្រៅ​ពី​រូប​រាង​ដែល​ខុស​ប្លែក ទូកង​តែង​មាន​ឈ្មោះ ហើយ​ភាគ​ច្រើន​ឈ្មោះ​ទូកង គឺ​តែង​វែងៗ។ ទាក់ទង​នឹង​ឈ្មោះ​ទូកង​ទាំង​នោះ ពលរដ្ឋ​ខ្មែរ​តែង​និយាយ​សើច​លេង​ជា​រឿយៗ ចំពោះ​មនុស្ស​ណា​ដែល​មាន​ឈ្មោះ​វែងៗ​ថា មាន​ឈ្មោះ​ដូច​ទូកង។ តើ​ការ​ដាក់​ឈ្មោះ​ទូកង​ទាក់ទង​យ៉ាង​ណា​ខ្លះ​នឹង​ជំនឿ​ខ្មែរ? សំឡេង​សំបូងសង្រូង​ហៅ​ព្រលឹង​ទូក ត្រូវ​អាចារ្យ​ធ្វើ​ពិធី​ប្រកូក​ប្រកាស​នៅ​ក្នុង​បរិវេណ​វត្ត​ព្រែក​សំរោង នា​ក្រុង​តាខ្មៅ នៅ​ពេល​រសៀល គឺ​នៅ​ពី​មុខ​ទូកង​ចំនួន​៣ ដែល​ត្រូវ​ចូលរួម​ប្រកួត៖ «សំឡេង​ហៅ​ព្រលឹង​ទូក»។
វង់​ភ្លេង​ប្រពៃណី ក៏​ចាប់​ផ្ដើម​ប្រគំ​តាម​ការ​ប្រកូក​ប្រកាស​របស់​អាចារ្យ​ដែរ៖ «សំឡេង​ភ្លេង​ប្រពៃណី»។ អស់​បារមី​សក្ដិសិទ្ធិ ត្រូវ​កោះ​អញ្ជើញ​អោយ​ចេញ​មក អោយ​ពរ​អោយ​ជ័យ​ដល់​ទូក​ទាំង​បី​របស់​វត្ត​នេះ។ លោក​អាចារ្យ ហ៊ុល ភន មាន​ប្រសាសន៍​ថា ទូក​ត្រូវ​ចាត់​ទុក​ដូច​ជា​ភាវៈ​មាន​ជីវិត​ដទៃ​ទៀត​ដែរ ដ្បិត​មាន​ខ្លួន មាន​ឈ្មោះ និង​មាន​ព្រលឹង៖ «បើ​តាម​ជំនឿ​របស់​ប្រជាជន គេ​ថា​ទូក​ហ្នឹង​សុទ្ធ​តែ​មាន​បារមី​គេ​ថែ​រក្សា។ ចឹង​ខ្ញុំ​និយាយ​ប្រវត្តិ​ថា ឥន្ទ្រីយ៍ (ទូក​ព្រះ​ទីនាំង​ឥន្ទ្រីយ៍​ក្លាហាន) ពី​មុន មុន​នឹង​ចុះ​ចំពោះ​មនុស្ស​ដែល​មាន​ផ្ទៃពោះ អត់​អោយ​ដើរ​កាត់​បាន​ទេ មាន​បញ្ហា​ចំពោះ​រូប​អ្នក​ដែល​មាន​ផ្ទៃពោះ ចឹង​ពី​ដើម​ខ្លាំង​ណាស់ ហើយ​គ្រាន់​តែ​ថា ធ្វើ​ពិធី​ក្រុង​ពាលី​ហ្នឹង និយាយ​ពី​ញ័រ​សាច់​ទូក​ញ័រ​ខ្លួន​ឯង បាទ​ដូច​ជា​មាន​ស្អី​កាន់ មាន​ស្អី​អង្រួន​ដូច​ថា​ចង់​ចុះ​ចឹង​ណាស់។ បាទ! មាន​ខ្លួន មាន​ព្រលឹង»។ កីឡាករ​ទូក​ប្រណាំង​ចំណុះ​ទូក​វត្ត​ព្រែក​សំរោង លោក រិន ភិរម្យ ជឿ​ថា ទូក​នីមួយៗ​តែង​មាន​ព្រលឹង​កាន់។ ទូក​ក្នុង​វត្ត​ព្រែក​សំរោង មាន​៣ គឺ​ទូក​ព្រះ​ទីនាំង​ឫទ្ធី​ក្លាហាន ទូក​សំរោង​តេជោ​សែន​ជ័យ និង​ទូក​ឥន្ទ្រីយ៍​ក្លាហាន។ ចំពោះ​ឈ្មោះ​ទូក​នេះ​ដែរ ព្រះតេជព្រះគុណ ខឹម ប៊ុណ្ណា ព្រះចៅ​អធិការ​វត្ត​ព្រែក​សំរោង មាន​ថេរ​ដីកា​បញ្ជាក់​ថា ឈ្មោះ​ទូក​ទាំង​បី​ក្នុង​វត្ត​ព្រែក​សំរោង នេះ បាន​ដូរ​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា៖ «ឈ្មោះ​ដើម​របស់​ទូក​ហ្នឹង​ដូច​សំរោង​ចឹង ពី​មុន​ឈ្មោះ​សំរោង​សែន​ជ័យ។ ពេល​ក្រោយ​មក កីឡាករ​ក្តី អាជ្ញាធរ​ក្តី គិត​ថា សំរោង​ទទេ​ដូច​ជា​ខ្លី​ពេក ណា​មួយ​អោយ​សម​នឹង​ងារ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​គាត់​ដឹក​នាំ ចឹង​ទៅ​មាន​ឈ្មោះ​តេជោ​សែន​ជ័យ ចឹង​ក៏​ស្នើសុំ​អោយ​ឈ្មោះ​ហ្នឹង​អោយ​វែង​បន្តិច ឈ្មោះ​ថា សំរោង​តេជោ​សែន​ជ័យ អោយ​វែង​តិច​ថែម​លើ​ឈ្មោះ​ចាស់»។ ទាក់ទិន​នឹង​ជំនឿ​ការ​ដាក់​ឈ្មោះ​ទូក អ្នក​ស្រាវជ្រាវ​អារ្យធម៌​ខ្មែរ​លើក​ឡើង​ថា កាល​ដើម​ឡើយ ការ​ដាក់​ឈ្មោះ​ទូក គឺ​ច្រើន​ទាក់ទង​នឹង​ព្រលឹង​ទូក ដែល​សំដៅ​ដល់​ព្រាយ​ដែល​កាន់​ទូក។ អ្នក​ស្រាវជ្រាវ លោក​បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា ពី​ដើម​រៀង​មក ឈ្មោះ​ទូក​តែង​ទាក់ទង​នឹង​ឈ្មោះ​ស្រី៖ «ដូច​ថា​អព្ភូត​អ្វី​មួយ​ទៅ​កាន់​ទូក​ហ្នឹង ជា​ខ្មោច​ភេទ​ស្រី ជាពិសេស​ជា​ប្រភេទ​ខាង​ព្រាយ ព្រោះ​ព្រាយ​ពូកែ​ខាង​មន្ត​អាគម។ ដោយសារ​អ្វី​បាន​ជា​គេ​ត្រូវ​ការ​មន្ត​អាគម ពីព្រោះ​ថា​គេ​ត្រូវ​ការ​ប្រណាំង ដល់​ត្រូវ​ការ​ប្រណាំង យើង​ចង់​អោយ​លឿន​ជាង​គេ ចង់​ឈ្នះ​គេ ដូច្នេះ​ក្រៅ​ពី​កម្លាំង​បាយ​របស់​យើង​ជា​អ្នក​អុំ និង​អ្នក​ចែវ​នេះ ក្រៅ​ពី​បច្ចេកទេស​យើង​ប៉ិន​ប្រសព្វ​យ៉ាង​ម៉េចៗ គេ​ទៅ​រក​កម្លាំង​មក​បន្ថែម​ទៀត គឺ​ថា​គេ​ចូល​ទៅ​ក្នុង​រឿង​មន្ត​អាគម​ហ្នឹង ចឹង​ទាក់ទង​នឹង​រឿង​ព្រាយ​ហ្នឹង។ អ្នក​ខ្លះ​គេ​ហៅ​ថា​ព្រាយ​ក្បាល​ទូក​អី​ក៏​មាន​ដែរ​ណាស់។ ដូច្នេះ​ហើយ បាន​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​គេ​មិន​អោយ​ដើរ​កាត់​រោង​ទូក ព្រោះ​ថា ព្រាយ​ជា​សត្រូវ​របស់​ស្រី​មាន​ផ្ទៃ​ពោះ​នេះ​មួយ ស្រី​ដែល​កំពុង​ឆ្លង​ទន្លេ​នេះ​មួយ»។ លោក​បណ្ឌិត អាំង ជូលាន បន្ត​ថា ស្រប​ពេល​គ្នា​នោះ ឈ្មោះ​ទូក​ក៏​មាន​រួម​បញ្ចូល​ឈ្មោះ​ក្នុង​រឿង​ព្រេង និង​ឈ្មោះ​វត្ត​ជាដើម៖ «ជួន​កាល​ដាក់​ឈ្មោះ​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍ មាន​ខ្លះ​ថា ជម្ពូពាន កំហែង​មាន​ឫទ្ធិ​អី​អ៊ីចឹង​ទៅ។ កំហែង​ហ្នឹង​មាន​ន័យ​ថា ហនុមាន ដែល​ជាប់​នឹង​រឿង​ទូក​ហ្នឹង គឺ​សុទ្ធ​តែ​បរមបូរាណ​រឿង​ទាក់ទង​នឹង​ជំនឿ​អី​ហ្នឹង ព្រោះ​ហនុមាន​ជា​បុត្រ​ព្រះ​ពាយ ព្រះ​ពាយ​គឺ​ថា​ល្បឿន ចឹង​បាន​គេ​ចូល​ចិត្ត​យក​ហនុមាន ឬ​ក៏​តួអង្គ​យក្ស ឬ​តួអង្គ​អី​ណា​ឯ​ទៀតៗ​ដែល​ហោះ មក​ពី​ក្នុង​រឿង​អស់​នោះ​គេ​ហោះ តែ​ហោះ​គឺ​វា​លឿន ព្រោះ​ទូក​វា​ត្រូវ​ការ​លឿន។ ជួន​កាល​ដាក់​តែ​ឯង ជួន​កាល​បញ្ចូល​គ្នា ២ ទៅ ៣ វា​ទៅ​ជា​វែង​ចឹង​ទៅ»។ ក្នុង​ពេល​បច្ចុប្បន្ន ឈ្មោះ​ទូក​ភាគ​ច្រើន​ត្រូវ​រួម​បញ្ចូល​ឈ្មោះ​មនុស្ស អាច​ជា​ថ្នាក់​ដឹក​នាំ​ប្រទេស អាច​ជា​អ្នក​មាន​ធនធាន​ឧបត្ថម្ភ​ទូក។ លោក​បណ្ឌិត អាំង ជូលាន បញ្ជាក់​ថា ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម៖ «ព្រោះ​ពី​មុន​មក ទូក​គឺ​ថា​វា​កម្រ​នឹង​ធ្វើ​បាន​មួយៗ​ណាស់ ព្រោះ​អី​វា​ថ្លៃ ដូច​សាង​ព្រះវិហារ​ណាស់ ខ្លះ​សាង​តាំង​ពី​ជំនាន់​ឪពុក​ទៅ ទាល់​តែ​ឪពុក​ស្លាប់​ទៅ កូន​ធំ​មាន​ប្រពន្ធ​ហើយ​ទម្រាំ​ធ្វើ​ហើយ។ តែ​ឥឡូវ​ធ្វើ​ទៅ​វា​ហើយ​ព្រឹបៗ​ភ្លាម​ក្នុង​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ ដោយសារ​មាន​អ្នក​មក​ពី​ក្រៅ​វា​មាន​ការ​ឧបត្ថម្ភ​ពី​ក្រៅ​មក ពី​អ្នក​មាន ឬ​អ្នក​ធំ ឬ​អ្នក​ដែល​ថា​មាន គឺ​អ្នក​ដែល​មាន​ធនធាន​ណាស់។ ទូក​ក៏​ដូច​គ្នា​ចឹង ដល់​ចឹង​ទៅ​វា​លែង​ទៅ​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ដូច​ថា​ពិគ្រោះ​យោបល់​អី​ហ្នឹង​ប៉ុន្មាន​ហើយ នេះ​ពេល​ធ្លាក់​លុយ​មក ក៏​ចេញ​ជា​ទូក​ចឹង​ទៅ ក៏​ដាក់​ឈ្មោះ​អ្នក​ដែល​គេ​ផ្តល់​ថវិកា​ហ្នឹង​ម៉ោ ដាក់​ឈ្មោះ​ដាក់​អី​គេ​ទៅ​វា​ជា​រឿង​ធម្មតា​ទេ​រឿង​ហ្នឹង»។ ទាក់ទង​នឹង​ឈ្មោះ​ទូកង​ក្នុង​វត្ត​ព្រែក​សំរោង លោក​អាចារ្យ ហ៊ុល ភន លើក​ឡើង​ថា នៅ​ពេល​មួយ​ដែល​ទូក​វត្ត​ព្រែក​សំរោង ត្រូវ​កែប្រែ​អោយ​ត្រូវ​តាម​ខ្នាត ដើម្បី​បាន​ចូល​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ទូក​នេះ​ក៏​ត្រូវ​បន្ថែម​ឈ្មោះ​តាម​ប្រមុខ​ដឹក​នាំ ដែល​បាន​អនុញ្ញាត​អោយ​វត្ត​អាច​រក​ឈើ​មក​ធ្វើ​ទូក​អោយ​ត្រូវ​ខ្នាត៖ «ដូច​យើង​ដាក់​ថា ឥន្ទ្រីយ៍​សែន​ជ័យ ឬ​ក៏​តេជោ​សែន​ជ័យ ហ្នឹង​ជា​ឈ្មោះ​របស់​ប្រធាន​រដ្ឋ។ ពេល​ដែល​យើង​ចង់​បាន​ឈើ​អោយ​វា​ត្រូវ​នឹង​ខ្នាត​ដែល​ត្រូវ​ប្រណាំង​ហ្នឹង យើង​ត្រូវ​ការ​ឈើ​វែង។ អ៊ីចឹង​ក្រោយ​មក គណៈកម្មការ ហើយ​និង​អាចារ្យ លោក​សុំ​ពី​សម្ដេច​តេជោ ចឹង​ទូក​ហ្នឹង​ដាក់​តេជោ​សែន​មាន​ជ័យ​អ៊ីចឹង​ទៅ។ បាទ! ទាក់ទង​នឹង​ជំនួយ​ឈើ»។ បើ​ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​របត់​សង្គម​ក៏ដោយ ក៏​ជំនឿ​ចំពោះ​ព្រលឹង​ទូក​នៅ​មិន​ទាន់​ផ្លាស់​ប្ដូរ​នៅ​ឡើយ​ទេ គឺ​គេ​នៅ​ជឿ​ថា ទូក​នីមួយៗ​នៅ​តែ​មាន​ព្រលឹង​សណ្ឋិត៕

Music Videos

Image and video hosting by TinyPic

អង្គការនិងមជ្ឈមណ្ឌល

Blog Archive - បណ្ណសារកំណត់​ហេតុ