Thursday, November 6, 2014

អត្ថន័យ​នៃ​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ និង​អក​អំបុក

ដោយ អ៊ុក សាវបូរី 2014-11-06

ពិធី​បុណ្យ​សំពះ​ព្រះ​ខែ និង​អក​អំបុក ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខក​ខាន​ឡើយ លើក​លែង​តែ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ នេះ​ជា​ព្រះរាជ​ពិធី​មួយ​ដែល​ប្រារព្ធ​នៅ​ក្នុង​ព្រះ​រាជវង្ស។ ចំណែក​ពលរដ្ឋ​សាមញ្ញ ក៏​និយម​ប្រារព្ធ​ពិធី​នេះ​តាម​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន និង​តាម​ទី​វត្ត​អារាម។ ពិធី​នេះ ភាគ​ច្រើន​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំ​ពេល​រដូវ​ទឹក​សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ព្រះចន្ទ​រះ​ពេញ​រង្វង់​មូល ត្រូវ​នឹង​ថ្ងៃ​១៥ កើត ខែ​កត្តិក ដោយ​បាន​ផ្សារភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប។ តើ​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​អត្ថន័យ​យ៉ាង​ណា? ពិធី​បុណ្យ​សំពះ​ព្រះ​ខែ និង​អក​អំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​យូរ​លង់​ណាស់​មក​ហើយ។ សព្វថ្ងៃ ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់​ទុក​ថា​ជា​បុណ្យ​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ពិធី​បុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត។
ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា មាន​ថេរ​ដីកា​អំពី​ពិធី​បុណ្យ​អក​អំបុក​ថា ជា​ការ​ថ្វាយ​ដល់​ព្រះចន្ទ ដែល​កំពុង​រះ​ពេញ​វង់​នូវ​ភោគផល​កសិកម្ម ដែល​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​បាន​ដំបូង​បំផុត។ កសិករ បាន​យក​ស្រូវ​ទុំ​ថ្មីៗ​ទៅ​លីង ហើយ​បុក រួច​អុំ​យក​អង្កាម​ចេញ​ស្អាត ដាក់​សែន​ថ្វាយ​ទេវតា ចំ​ពេល​ព្រះចន្ទ​រះ​ពេញ​វង់ ដើម្បី​សម្ដែង​ការ​ដឹង​គុណ​ទេវតា​ដែល​ប្រទាន​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ព្រះធរណី ធ្វើ​ឲ្យ​ដំណាំ​សព្វសារពើ​ដុះដាល ហើយ​ទទួល​ផល​កសិកម្ម​បាន​ច្រើន៖ «អក​អំបុក និង​សំពះ​ព្រះ​ខែ​នេះ​ឯង គឺ​យើង​និយាយ​ទៅ គឺ​ជា​ពិធី​មួយ​ដែល​គេ​រំឭក​ទៅ​ដល់​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​យោង​យក​កំណើត​ជា​សត្វ​ទន្សាយ​នៅ​ក្នុង​ហ្នឹង ជា​ព្រះចន្ទ​អ៊ីចឹង​ទៅ បាន​ខ្មែរ​យើង​តំណ​មក ធ្វើ​អក​អំបុក​សែន​ព្រះ​ខែ ដើម្បី​នឹក​ទៅ​ដល់​គុណ​ព្រះចន្ទ​ដែល​មាន​គុណ​មក​លើ​សត្វ​យើង​ទាំងអស់ ដែល​យើង​បាន​កើត​នៅ​ក្នុង​លោក​យើង​នេះ​ឯង»។ បន្ថែម​ទៅ​លើ​នោះ ព្រះ​ភិក្ខុ ឡាយ ឡាត គង់​នៅ​វត្ត​សាមគ្គីរង្សី ដែរ មាន​ថេរ​ដីកា​ថា ពេល​អក​អំបុក គេ​រង់ចាំ​ដល់​ព្រះ​ខែ​រះ​ពេញ​វង់ ហើយ​រះ​នៅ​ត្រង់​ចំ​ពី​លើ​ក្បាល ទើប​ចាប់​ផ្ដើម​ក្តាប់​អំបុក​យក​ទៅ​ជូន​អ្នក​មាន​គុណ ចាស់​ទុំ មិត្តភក្ដិ អក​ក្នុង​ភាព​សប្បាយ​រីករាយ។ ការ​អក​អំបុក​នេះ មុន​នឹង​អក គឺ​ត្រូវ​ដាក់​អំបុក​ថ្វាយ​ព្រះ​ខែ​សិន ដោយ​មាន​អម​ផ្លែ​ឈើ​ចម្រុះ​សព្វ​គ្រប់​មុខ​ទាំងអស់ ពិសេស​ផ្លែ​ដូង ចេក​ណាំវ៉ា ជាដើម ដាក់​ថ្វាយ​ជា​ការ​ដឹង​គុណ​ដល់​ព្រះពោធិសត្វ ដែល​ចាប់​កំណើត​ជា​សត្វ​ទន្សាយ ដោយ​មាន​រូប​ដិត​ជាប់​ក្នុង​រង្វង់​ព្រះ​ខែ តាម​ដំណើរ​រឿង​ព្រេង​រវាង​ព្រាហ្មណ៍ និង​សត្វ​ទន្សាយ​ជា​ព្រះពោធិសត្វ។ ក្រុម​ព្រាហ្មណ៍ ក៏​ចាប់​ផ្ដើម​សន្យា​ថា នឹង​ថ្វាយ​ស្រូវ ផ្លែ​ឈើ ភោគផល​កសិកម្ម ដែល​ដាំ​ដុះ​បាន​ក្នុង​១​ឆ្នាំៗ ដាក់​ថ្វាយ​សត្វ​ទន្សាយ​នៅ​ពេល​ព្រះចន្ទ​ពេញ​បូរមី នា​ថ្ងៃ​១៥ កើត ខែ​កត្តិក ដែល​គេ​មើល​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​នោះ​ក្នុង​រង្វង់​ព្រះ​ខែ៖ «ថា​ពិធី​អក​អំបុក​ហ្នឹង គឺ​ដើម្បី​រំឭក​ដល់​គុណ​ទេវតា ដែល​ជួយ​ថែរក្សា ជួយ​ឲ្យ​ភ្លៀង​ឲ្យ​អី​ឲ្យ​យើង​ធ្វើ​ស្រែ ធ្វើ​ស្រូវ​ល្អ​ហ្នឹង ក៏​ថា​បាន​ដែរ»។ ឯកសារ​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​បញ្ជាក់​ប្រវត្តិ​ពិធី​សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ធ្វើ​ឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះពោធិសត្វ​នៅ​ឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ ទ្រង់​កើត​ជា​សត្វ​ទន្សាយ​ឈ្មោះ​ថា សសបណ្ឌិត។ ឯកសារ​ដដែល​ផ្សាយ​ថា នៅ​ថ្ងៃ​ដែល​ព្រះចន្ទ​ពេញ​បូរមី ឬ​ពេញ​វង់ ទន្សាយ​សសបណ្ឌិត បាន​ធ្វើ​ការ​អធិដ្ឋាន​ឧបោសថសីល​របស់​ខ្លួន ដោយ​បំណង​ធ្វើ​ជីវិត​បរិច្ចាគ​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឱ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។ អ្នក​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា លោក ញឿន ភឿន ប្រាប់​អំពី​ដំណើរ​រឿង​ពិធី​សំពះ​ព្រះ​ខែ​ថា ព្រះពោធិសត្វ​នៅ​ជា​ទន្សាយ ព្រះអង្គ​បាន​ធ្វើ​ជា​ទាន ហើយ​បាន​ក្ដៅ​ដល់​ព្រះឥន្ទ។ ព្រះឥន្ទ​ក៏​ចុះ​មក​ផែនដី​ក្លែង​ខ្លួន​ព្រាហ្មណ៍​ចាស់​ម្នាក់ មក​សុំ​សាច់​ទន្សាយ​សសបណ្ឌិត​ជា​អាហារ។ ព្រះពោធិសត្វ សសបណ្ឌិត បាន​យល់​ព្រម ហើយ​ក៏​ឱ្យ​ព្រាហ្មណ៍​ចាស់​នោះ​បង្កាត់​ភ្លើង។ ពេល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សត្វ​ទន្សាយ​សសបណ្ឌិត ក៏​រលាស់​ខ្លួន​បី​ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ​ពី​ខ្លួន រួច​ក៏​លោត​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង ប៉ុន្តែ​ភ្លើង​នោះ​រលត់​អស់ ព្រះឥន្ទ​ក៏​ស្ទុះ​ទៅ​បី​ព​សត្វ​ទន្សាយ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះចន្ទ ហើយ​ទ្រង់​យក​ថ្ម​ម្នាងសិលា​គូរ​ជា​រូប​ទន្សាយ។ បច្ចុប្បន្ន​ព្រះចន្ទ​ពេល​មើល​ទៅ​មាន​រូប​សត្វ​ទន្សាយ ទើប​មាន​ប្រារព្ធ​ពិធី​សំពះ​ព្រះ​ខែ អក​អំបុក ដើម្បី​រំឭក​ហេតុ​ដ៏​អស្ចារ្យ​របស់​ព្រះសម្មាសម្ពុទ្ធ។ ពាក់ព័ន្ធ​នឹង​ពិធី​អក​អំបុក​នេះ​ដែរ ពេល​ដល់​រដូវ​កាល​ម្តងៗ ពលរដ្ឋ​នៅ​តាម​ជនបទ ស្រែ​ចម្ការ បាន​នាំ​គ្នា​ប្រមូល​ផល​ស្រូវ​ថ្មី មាន​ដំណើប ឬ​ខ្សាយ យក​មក​លីង​ដាល់​ជា​អំបុក​ដោយ​រួម​គ្នា​ជា​ក្រុម​ក្នុង​ភូមិ​រៀងៗ​ខ្លួន និង​នៅ​តាម​ទី​វត្ត​អារាម ដោយ​ពុំ​សូវ​មាន​គេ​លក់​ដូរ​នោះ​ទេ។ ប៉ុន្តែ​បច្ចុប្បន្ន អំបុក​មាន​ការ​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ទីប្រជុំជន ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ ពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង យក​អំបុក​មក​លក់​នៅ​ផ្សារ​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ខ្លះ​ច្រក​បាវ ខ្លះ​ដាក់​ចាន​ដែក ចោល​ក្លិន​ស្រូវ​ថ្មី​ក្រអូប​ប្រហើរ។ លោកស្រី ញ៉ែម សុភី មក​ពី​ខេត្ត​ព្រៃវែង ថ្លែង​ថា អំបុក​លក់​ដាច់​តែ ២ ទៅ ៣​ថ្ងៃ​នៃ​ពេល​បុណ្យ​អុំ​ទូក​ទេ ព្រោះ​អំបុក​ត្រូវ​យក​ទៅ​ថ្វាយ​ព្រះ​ខែ​នៅ​ពេល​ពេញ​បូរមី។ គាត់​លក់​មួយ​ថ្ងៃ​បាន ២ ទៅ ៣០០​កំប៉ុង ហើយ​ក្នុង​១​កំប៉ុង​ស្រូវ​ខ្សាយ និង​ស្រូវ​ដំណើប តម្លៃ​ដូច​គ្នា គឺ ២.០០០​រៀល៖ «ទិញ​អំបុក​នេះ​យក​ទៅ​ថ្វាយ​ព្រះ​ខែ ស្រូវ​ទើប​ដល់​ដំបូង យើង​ហូប​ឆ្ងាញ់​ណាស់»។ ចំណែក លោកស្រី សាវន មក​ពី​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ស្រូវ​ទុំ​អាច​បុក​អំបុក​លក់​ឲ្យ​ទាន់​ពេល​អក​អំបុក សំពះ​ព្រះ​ខែ មុន​ដាំ​ស្រូវ​គាត់​គិត​ពី​ផល​ត្រូវ​ច្រូត​លក់​ឲ្យ​ទាន់​រដូវ​អុំ​ទូក។ លោកស្រី​ថា គាត់​ដាំ​ស្រូវ​ផ្កា​រំដួល និង​ស្រូវ​ដំណើប​ស្រាល។ លោកស្រី​បុក​អំបុក​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល ១០​ថ្ងៃ ទម្រាំ​បាន​អំបុក ៣០​តៅ យក​មក​លក់។ គាត់​លក់​មួយ​កំប៉ុង ២.០០០​រៀល៖ «ផ្កា​រំដួល​ស្រូវ​ស្រាល​ដំណើប​នេះ​ផង ដូច​គ្នា​តម្លៃ មួយ​កំប៉ុង ២.០០០​រៀល»។ នៅ​ក្នុង​ថ្ងៃ​អក​អំបុក សំពះ​ព្រះ​ខែ​នោះ​ដែរ តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ ក៏​មាន​ពិធី​សម្រក់​ទៀន​មួយ​ទៀត ដើម្បី​ផ្សង​មើល​ពី​ទឹក​ភ្លៀង​សម្រាប់​ជា​ជំនឿ​លើ​ការ​ដាំដុះ​នៅ​ឆ្នាំ​ក្រោយ។ ពាក់ព័ន្ធ​បញ្ហា​នេះ ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា មាន​ថេរ​ដីកា​ថា ការ​សម្រក់​ទៀន គឺ​ជា​ជំនឿ​របស់​ព្រហ្មញ្ញសាសនា មិន​មែន​ពុទ្ធសាសនា​ទេ ប៉ុន្តែ​បើ​សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​ជំនឿ​នៅ​ក្នុង​ពុទ្ធសាសនា។ កីឡាករ​ប្រណាំង​ទូក លោក ម៉ាន់ ស៊ីថា ជនជាតិ​កួយ មក​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ជនជាតិ​កួយ មិន​បាន​ដឹង​ពី​ទំនៀមទម្លាប់​សម្រក់​ទៀន​ផ្សង​ទឹក​ភ្លៀង​ទេ។ ប៉ុន្តែ​គាត់​សម្គាល់​ថា ទឹក​ភ្លៀង​ធ្លាក់​នៅ​ឆ្នាំ​២០១៤ នេះ ដំណាំ​នៅ​ក្នុង​ខេត្ត​ក្រចេះ ទទួល​បាន​ផល​ច្រើន​ជាង​ឆ្នាំ​មុន៖ «ឆ្នាំ​នេះ​ទឹក​ភ្លៀង​ច្រើន​ល្អ អ៊ីចឹង​គេ​ត្រូវ​ដាក់​ស្រូវ​ធ្ងន់ អ៊ីចឹង​ផល​វា​បាន​ល្អ បើ​កាល​ណា​ដាក់​ស្រូវ​កន្លះ ភ្លៀង​ខ្លាំង អ៊ីចឹង​វា​អត់​បាន​ផល​ទេ»។ អ្នក​មក​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក និង​ជា​កសិករ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ឈ្មោះ នុប សូត្រ អះអាង​ស្រដៀង​គ្នា​ដែរ​ថា ពិធី​សម្រក់​ទៀន​ក្នុង​ថ្ងៃ​អក​អំបុក សំពះ​ព្រះ​ខែ ដែល​ផ្សង​មើល​កម្រិត​ទឹក​ភ្លៀង គឺ​បាន​ធ្វើ​តាម​បែប​បុរាណ ដែល​មាន​ប្រារព្ធ​តែ​នៅ​ក្នុង​ព្រះបរមរាជវាំង​ទេ ទស្សន៍ទាយ​អំពី​សន្ទស្សន៍​នៃ​ទឹក​ភ្លៀង។ លោក​ថា តាម​ទំនាយ​ឆ្នាំ​មុន គឺ​ខេត្ត​កណ្ដាល នឹង​មាន​ទឹក​ភ្លៀង​តិច​នៅ​ដើម​រដូវ​វស្សា ប៉ុន្តែ​នៅ​ចុង​រដូវ​វស្សា ភ្លៀង​ធ្លាក់​ច្រើន។ តាម​គាត់​សម្គាល់​វិញ គឺ​នៅ​រដូវ​វស្សា​ឆ្នាំ​២០១៤ ទឹក​ភ្លៀង​ធ្លាក់​ដូច​ការ​ទស្សន៍ទាយ​នោះ​មែន។ លោក​បន្ត​ថា ថ្វី​ត្បិត​តែ​ការ​សម្រក់​ទៀន​ផ្សង​មើល​ទឹក​ភ្លៀង ជា​ទំនាយ​តាម​បែប​បុរាណ ក៏​អាច​ទាយ​ស្រដៀង​នឹង​ឧតុនិយម​ផ្នែក​វិទ្យាសាស្ត្រ​ដែរ៖ «ខុស​ពី​ស្រូវ គឺ​មាន​ដំណាំ​ពោត​សន្ធឹក»។ លោក ស៊ុន ហៀន កីឡាករ​ប្រណាំង​ទូក​មក​ពី​ខេត្ត​កណ្ដាល អះអាង​ថា សុំ​ឲ្យ​ពី​ធី​សម្រក់​ទៀន​ដើម្បី​ទស្សន៍ទាយ​ទឹក​ភ្លៀង សុំ​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ ដើម្បី​ប្រាប់​ទៅ​ប្រជា​កសិករ​បាន​ដឹង​ផង ព្រោះ​កសិករ​នៅ​តែ​មាន​ជំនឿ​តាម​បែប​បុរាណ​នៅ​ឡើយ​អំពី​ទឹក​ភ្លៀង​ធ្លាក់​ច្រើន​តិច​នោះ ងាយ​ស្រួល​ត្រៀម​គ្រាប់​ពូជ​ដាំ​ដុះ​ដំណាំ​ឲ្យ​បាន​ផល​ច្រើន៖ «សំឡេង»។ ពិធី​អក​អំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៤ ប្រារព្ធ​នៅ​ថ្ងៃ​១៥ កើត ខែ​កត្តិក ត្រូវ​នឹង​ឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ ពិធី​នេះ ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​តែ​ម្តង​គត់​ក្នុង​១​ឆ្នាំ គឺ​នៅ​ពេល​យប់​ដែល​ព្រះចន្ទ​ពេញ​បូរមី៕

Music Videos

Image and video hosting by TinyPic

អង្គការនិងមជ្ឈមណ្ឌល

Blog Archive - បណ្ណសារកំណត់​ហេតុ