ដោយ អ៊ុក សាវបូរី
2014-11-06
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ លើកលែងតែនៅក្នុងរបបខ្មែរក្រហម។ នេះជាព្រះរាជពិធីមួយដែលប្រារព្ធនៅក្នុងព្រះរាជវង្ស។ ចំណែកពលរដ្ឋសាមញ្ញ ក៏និយមប្រារព្ធពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន និងតាមទីវត្តអារាម។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប។
តើពិធីបុណ្យសំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណា?
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះត្រូវបានពលរដ្ឋក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា មានថេរដីកាអំពីពិធីបុណ្យអកអំបុកថា ជាការថ្វាយដល់ព្រះចន្ទ ដែលកំពុងរះពេញវង់នូវភោគផលកសិកម្ម ដែលប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត។ កសិករ បានយកស្រូវទុំថ្មីៗទៅលីង ហើយបុក រួចអុំយកអង្កាមចេញស្អាត ដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតាដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលផលកសិកម្មបានច្រើន៖ «អកអំបុក និងសំពះព្រះខែនេះឯង គឺយើងនិយាយទៅ គឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយនៅក្នុងហ្នឹង ជាព្រះចន្ទអ៊ីចឹងទៅ បានខ្មែរយើងតំណមក ធ្វើអកអំបុកសែនព្រះខែ ដើម្បីនឹកទៅដល់គុណព្រះចន្ទដែលមានគុណមកលើសត្វយើងទាំងអស់ ដែលយើងបានកើតនៅក្នុងលោកយើងនេះឯង»។
បន្ថែមទៅលើនោះ ព្រះភិក្ខុ ឡាយ ឡាត គង់នៅវត្តសាមគ្គីរង្សី ដែរ មានថេរដីកាថា ពេលអកអំបុក គេរង់ចាំដល់ព្រះខែរះពេញវង់ ហើយរះនៅត្រង់ចំពីលើក្បាល ទើបចាប់ផ្ដើមក្តាប់អំបុកយកទៅជូនអ្នកមានគុណ ចាស់ទុំ មិត្តភក្ដិ អកក្នុងភាពសប្បាយរីករាយ។ ការអកអំបុកនេះ មុននឹងអក គឺត្រូវដាក់អំបុកថ្វាយព្រះខែសិន ដោយមានអមផ្លែឈើចម្រុះសព្វគ្រប់មុខទាំងអស់ ពិសេសផ្លែដូង ចេកណាំវ៉ា ជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វ ដែលចាប់កំណើតជាសត្វទន្សាយ ដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែ តាមដំណើររឿងព្រេងរវាងព្រាហ្មណ៍ និងសត្វទន្សាយជាព្រះពោធិសត្វ។ ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្ដើមសន្យាថា នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្ម ដែលដាំដុះបានក្នុង១ឆ្នាំៗ ដាក់ថ្វាយសត្វទន្សាយនៅពេលព្រះចន្ទពេញបូរមី នាថ្ងៃ១៥ កើត ខែកត្តិក ដែលគេមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ៖ «ថាពិធីអកអំបុកហ្នឹង គឺដើម្បីរំឭកដល់គុណទេវតា ដែលជួយថែរក្សា ជួយឲ្យភ្លៀងឲ្យអីឲ្យយើងធ្វើស្រែ ធ្វើស្រូវល្អហ្នឹង ក៏ថាបានដែរ»។
ឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់ប្រវត្តិពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធ កាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះ ទ្រង់កើតជាសត្វទន្សាយឈ្មោះថា សសបណ្ឌិត។ ឯកសារដដែលផ្សាយថា នៅថ្ងៃដែលព្រះចន្ទពេញបូរមី ឬពេញវង់ ទន្សាយសសបណ្ឌិត បានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតបរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ។
អ្នកស្រាវជ្រាវវប្បធម៌ខ្មែរ និងជាសាស្ត្រាចារ្យនៃពុទ្ធិកសកលវិទ្យាល័យ ព្រះសីហមុនីរាជា លោក ញឿន ភឿន ប្រាប់អំពីដំណើររឿងពិធីសំពះព្រះខែថា ព្រះពោធិសត្វនៅជាទន្សាយ ព្រះអង្គបានធ្វើជាទាន ហើយបានក្ដៅដល់ព្រះឥន្ទ។ ព្រះឥន្ទក៏ចុះមកផែនដីក្លែងខ្លួនព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយសសបណ្ឌិតជាអាហារ។ ព្រះពោធិសត្វ សសបណ្ឌិត បានយល់ព្រម ហើយក៏ឱ្យព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើង។ ពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សត្វទន្សាយសសបណ្ឌិត ក៏រលាស់ខ្លួនបីដង ដើម្បីឱ្យសត្វល្អិតដែលជាប់នឹងរោមជ្រុះចេញពីខ្លួន រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើង ប៉ុន្តែភ្លើងនោះរលត់អស់ ព្រះឥន្ទក៏ស្ទុះទៅបីពសត្វទន្សាយឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកថ្មម្នាងសិលាគូរជារូបទន្សាយ។ បច្ចុប្បន្នព្រះចន្ទពេលមើលទៅមានរូបសត្វទន្សាយ ទើបមានប្រារព្ធពិធីសំពះព្រះខែ អកអំបុក ដើម្បីរំឭកហេតុដ៏អស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធ។
ពាក់ព័ន្ធនឹងពិធីអកអំបុកនេះដែរ ពេលដល់រដូវកាលម្តងៗ ពលរដ្ឋនៅតាមជនបទ ស្រែចម្ការ បាននាំគ្នាប្រមូលផលស្រូវថ្មី មានដំណើប ឬខ្សាយ យកមកលីងដាល់ជាអំបុកដោយរួមគ្នាជាក្រុមក្នុងភូមិរៀងៗខ្លួន និងនៅតាមទីវត្តអារាម ដោយពុំសូវមានគេលក់ដូរនោះទេ។ ប៉ុន្តែបច្ចុប្បន្ន អំបុកមានការធ្វើអាជីវកម្មលក់ដូរនៅតាមទីប្រជុំជន ជាពិសេសនៅទីក្រុងភ្នំពេញ។ ពលរដ្ឋមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង យកអំបុកមកលក់នៅផ្សារក្នុងក្រុងភ្នំពេញ ដោយខ្លះច្រកបាវ ខ្លះដាក់ចានដែក ចោលក្លិនស្រូវថ្មីក្រអូបប្រហើរ។
លោកស្រី ញ៉ែម សុភី មកពីខេត្តព្រៃវែង ថ្លែងថា អំបុកលក់ដាច់តែ ២ ទៅ ៣ថ្ងៃនៃពេលបុណ្យអុំទូកទេ ព្រោះអំបុកត្រូវយកទៅថ្វាយព្រះខែនៅពេលពេញបូរមី។ គាត់លក់មួយថ្ងៃបាន ២ ទៅ ៣០០កំប៉ុង ហើយក្នុង១កំប៉ុងស្រូវខ្សាយ និងស្រូវដំណើប តម្លៃដូចគ្នា គឺ ២.០០០រៀល៖ «ទិញអំបុកនេះយកទៅថ្វាយព្រះខែ ស្រូវទើបដល់ដំបូង យើងហូបឆ្ងាញ់ណាស់»។
ចំណែក លោកស្រី សាវន មកពីខេត្តស្វាយរៀង ឲ្យដឹងថា ដើម្បីឲ្យស្រូវទុំអាចបុកអំបុកលក់ឲ្យទាន់ពេលអកអំបុក សំពះព្រះខែ មុនដាំស្រូវគាត់គិតពីផលត្រូវច្រូតលក់ឲ្យទាន់រដូវអុំទូក។ លោកស្រីថា គាត់ដាំស្រូវផ្ការំដួល និងស្រូវដំណើបស្រាល។ លោកស្រីបុកអំបុកទាំងយប់ទាំងថ្ងៃអស់រយៈពេល ១០ថ្ងៃ ទម្រាំបានអំបុក ៣០តៅ យកមកលក់។ គាត់លក់មួយកំប៉ុង ២.០០០រៀល៖ «ផ្ការំដួលស្រូវស្រាលដំណើបនេះផង ដូចគ្នាតម្លៃ មួយកំប៉ុង ២.០០០រៀល»។
នៅក្នុងថ្ងៃអកអំបុក សំពះព្រះខែនោះដែរ តាមជំនឿរបស់ប្រជាពលរដ្ឋ ក៏មានពិធីសម្រក់ទៀនមួយទៀត ដើម្បីផ្សងមើលពីទឹកភ្លៀងសម្រាប់ជាជំនឿលើការដាំដុះនៅឆ្នាំក្រោយ។
ពាក់ព័ន្ធបញ្ហានេះ ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា មានថេរដីកាថា ការសម្រក់ទៀន គឺជាជំនឿរបស់ព្រហ្មញ្ញសាសនា មិនមែនពុទ្ធសាសនាទេ ប៉ុន្តែបើសំពះព្រះខែ និងអកអំបុក គឺជាជំនឿនៅក្នុងពុទ្ធសាសនា។
កីឡាករប្រណាំងទូក លោក ម៉ាន់ ស៊ីថា ជនជាតិកួយ មកពីស្រុកសំបូរ ខេត្តក្រចេះ ឲ្យដឹងថា ជនជាតិកួយ មិនបានដឹងពីទំនៀមទម្លាប់សម្រក់ទៀនផ្សងទឹកភ្លៀងទេ។ ប៉ុន្តែគាត់សម្គាល់ថា ទឹកភ្លៀងធ្លាក់នៅឆ្នាំ២០១៤ នេះ ដំណាំនៅក្នុងខេត្តក្រចេះ ទទួលបានផលច្រើនជាងឆ្នាំមុន៖ «ឆ្នាំនេះទឹកភ្លៀងច្រើនល្អ អ៊ីចឹងគេត្រូវដាក់ស្រូវធ្ងន់ អ៊ីចឹងផលវាបានល្អ បើកាលណាដាក់ស្រូវកន្លះ ភ្លៀងខ្លាំង អ៊ីចឹងវាអត់បានផលទេ»។
អ្នកមកចូលរួមពិធីបុណ្យអុំទូក និងជាកសិកររស់នៅតាមដងទន្លេមេគង្គក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ នុប សូត្រ អះអាងស្រដៀងគ្នាដែរថា ពិធីសម្រក់ទៀនក្នុងថ្ងៃអកអំបុក សំពះព្រះខែ ដែលផ្សងមើលកម្រិតទឹកភ្លៀង គឺបានធ្វើតាមបែបបុរាណ ដែលមានប្រារព្ធតែនៅក្នុងព្រះបរមរាជវាំងទេ ទស្សន៍ទាយអំពីសន្ទស្សន៍នៃទឹកភ្លៀង។ លោកថា តាមទំនាយឆ្នាំមុន គឺខេត្តកណ្ដាល នឹងមានទឹកភ្លៀងតិចនៅដើមរដូវវស្សា ប៉ុន្តែនៅចុងរដូវវស្សា ភ្លៀងធ្លាក់ច្រើន។ តាមគាត់សម្គាល់វិញ គឺនៅរដូវវស្សាឆ្នាំ២០១៤ ទឹកភ្លៀងធ្លាក់ដូចការទស្សន៍ទាយនោះមែន។ លោកបន្តថា ថ្វីត្បិតតែការសម្រក់ទៀនផ្សងមើលទឹកភ្លៀង ជាទំនាយតាមបែបបុរាណ ក៏អាចទាយស្រដៀងនឹងឧតុនិយមផ្នែកវិទ្យាសាស្ត្រដែរ៖ «ខុសពីស្រូវ គឺមានដំណាំពោតសន្ធឹក»។
លោក ស៊ុន ហៀន កីឡាករប្រណាំងទូកមកពីខេត្តកណ្ដាល អះអាងថា សុំឲ្យពីធីសម្រក់ទៀនដើម្បីទស្សន៍ទាយទឹកភ្លៀង សុំផ្សព្វផ្សាយឲ្យទូលាយ ដើម្បីប្រាប់ទៅប្រជាកសិករបានដឹងផង ព្រោះកសិករនៅតែមានជំនឿតាមបែបបុរាណនៅឡើយអំពីទឹកភ្លៀងធ្លាក់ច្រើនតិចនោះ ងាយស្រួលត្រៀមគ្រាប់ពូជដាំដុះដំណាំឲ្យបានផលច្រើន៖ «សំឡេង»។
ពិធីអកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៤ ប្រារព្ធនៅថ្ងៃ១៥ កើត ខែកត្តិក ត្រូវនឹងឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែលត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា។ ពិធីនេះ ពលរដ្ឋខ្មែរប្រារព្ធតែម្តងគត់ក្នុង១ឆ្នាំ គឺនៅពេលយប់ដែលព្រះចន្ទពេញបូរមី៕